លោក​ អ៊ុំ រាត្រី ​អភិបាលខេត្តបន្ទាយ​មានជ័យនិងលោ​ក អាត់ ខែមស្នងការនគ​របាលខេ​ត្តប​ណ្តោយឲ្យ​លោក សូ ចា​ន់ណារីធ្វើ​អ្វីៗ​តាមអំ​ពើចិ​ត្ត

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ មួយចំនួន​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ នៅតែ​យក​រថយន្ត​និង​គ្រឿងចក្រ​កងវិស្វកម្ម​ទៅ​ជីករណ្ដៅ​ដី​កាយ​អាចម៍ដី ហើយ​ដឹកជញ្ជូន​អាចម៍ដី​លក់​ពេញ​ក្រុង​ប៉ោយប៉ែត ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ សកម្មភាព​របស់លោក សូ ចាន់ណា​រី ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដឹង​យ៉ាងច្បាស់​ព្រោះ​សកម្មភាព​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អាជីវកម្ម​នោះ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែខ្លាំង​ឡើងៗ​។ ប៉ុន្តែ​ទាំង​លោក អាត់ ខែម និង​លោក អ៊ុំ រាត្រី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បណ្ដោយ​ឲ្យ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​ជុំ​ទិស​ទាល់តែសោះ​។

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាក់ស្ដែង​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ទេនោះ​គឺ​លោក សូ ចាន់ណា​រី មិន​ហ៊ាន​យក​រថយន្ត​និង​គ្រឿងចក្រ​របស់​អង្គភាព​ទៅ​ជីករណ្ដៅ​ដី​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។ ឥឡូវនេះ​ទង្វើ​មិន​ប្រក្រតី​របស់លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា នៅ​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ក៏មាន​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ផងដែរ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សូ ចាន់ណា​រី បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទេនោះ​គឺ​លោក សូ ចាន់ណា​រី មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នោះទេ​។ ឥឡូវនេះ​រថយន្ត​និង​គ្រឿងចក្រ​ពាក់​ស្លាក ហ​.​ស ជាច្រើន​គ្រឿង​នៅតែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​យ៉ាង​សុខ​ស្រួល ព្រោះ​គ្មាន​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​យ៉ាងទទូច ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក សូ ចាន់ណា​រី ខ្លះ​ផង​ព្រោះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កំពុង​សម្ងំស្ងៀម​។(មានត)