លោក ​ជុំ សំនិត ​ប្រធានសាខាពន្ធដារ​ខេត្តឧត្ដរ​មានជ័យប្រើអំ​ណាចប្រព្រឹត្តអំ​ពើពុករលួ​យលោក​ គង់ វិបុល​អគ្គ​នាយកនៃអគ្គនា​យកដ្ឋានព​ន្ធដារធ្វើ​មិនដឹងមិន​ឮអ្វីទាំង​អស់

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ជុំ សំ​និ​ត បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​រឿងអាស្រូវ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ជុំ សំ​និ​ត ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក គង់ វិបុល ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ជុំ សំ​និ​ត នោះដែរ ដូច្នេះហើយ​ទើប​លោក ជុំ សំ​និ​ត មាន​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​។ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ជុំ សំ​និ​ត ហ៊ាន​យក​រថយន្ត​របស់​អង្គភាព​ដឹកទំនិញ​គេចពន្ធ​ពី​ច្រក​អូរ​ស្មាច់ ជាពិសេស​គ្រឿង​ស្រវឹង​ទៅ​រាជធានី​ភ្នំពេញ យ៉ាង​ក្រអឺតក្រទម​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ នៅតែ​បន្ត​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ជាពិសេស​ទាក់ទង​ទៅនឹង​ការប្រមូល​លុយ​។ ការដែល​លោក ជុំ សំ​និ​ត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​គ្រួសារនិយម​យ៉ាង​ពេញទំហឹង គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏ដូចជា​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ជាក់ស្ដែង​រាល់ពេល​ដែល​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់លោក ជុំ សំ​និ​ត ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​សាធារណៈ គឺ​លោក ជុំ សំ​និ​ត តែងតែ​យកឈ្មោះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​យកឈ្មោះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ មក​ប្រើ​យ៉ាង​ងងើល​តែម្តង​។

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​សាខា​ពន្ធដា​ខេត្តឧត្ដរមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជុំ សំ​និ​ត និង​បក្ខពួក​ខ្លះ​ផង​។ មន្ត្រីរាជការ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​លាតត្រដាង​ថា ក្រៅពី​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង គឺ​លោក ជុំ សំ​និ​ត តែង​ប្រើ​រថយន្ត​របស់​អង្គភាព​ទៅ​ដឹក​ស្រា​បៀរ​និង​ដឹក​គ្រឿង​សង្ហា​រឹម​ពី​ច្រក​អូរ​ស្មាច់ ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ លើស​នេះ​ទៅទៀត​លោក ជុំ សំ​និ​ត តែង​យកឈ្មោះ​លោក គង់ វិបុល និង​យកឈ្មោះ លោក អូន ព័ន្ធមុនីរ័ត្ន មក​ទន្ទេញ​ជាប់មាត់​ដើម្បី​គំរាមកំហែង​មន្ត្រី​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យហើយ​អួតអាង​ថា​ក្រៅពី​លោក គង់ វិបុល និង​លោក អូន ព័ន្ធមុនីរ័ត្ន គឺ​ខ្លួន​គ្មាន​ខ្លាច​នរណា​ទាំងអស់​។(មានត)