លោក ​ឡោ សុខាចា​ប់ពីកាន់តំ​ណែងស្ន​ងការនគរ​បាលខេត្តម​ណ្ឌលគិរីម​កបទល្មើ​ស​ដឹកជញ្ជូន​ឈើចេញ​ទៅស្រុកយួន​តាមច្រក​ទ្វេភា​គីណាំលៀនិងច្រកទ្វេ​ភាគីឡាប៉ា​ខេគ្មា​នការ​ថយ​ចុះ

ប្រភពពី​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ និង​ច្រក​ទ្វេភាគី​ណាំ​លៀ បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។ ប្រសិនបើ​មិន​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ដូចជា​សមត្ថកិច្ច​តាម​ច្រកព្រំដែន​ទេនោះ គឺ​មិនអាច​ដឹកឈើ​ចេញទៅ​ស្រុក​យួន​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​។ មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា ចាប់តាំងពី​លោក ឡោ សុខា ទទួលបាន​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី រួចមក​គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ គ្មាន​ការថយចុះ​នោះទេ​ហើយ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ក៏​នៅតែមាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ ហ៊ាង និង​ឈ្មួញ​ឈ្មោះ លីន នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ និង​ច្រករបៀង​ក្បែរៗ​នោះ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា លោក សា ផល្លា មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ឡា​ប៉ា​ខេ គឺជា​អ្នកមាន​សិទ្ធិអំណាច​ធំធេង​ជាងគេ​ក្នុង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ជា​បង្អែក​រឹងមាំ​ទើប​លោក សា ផល្លា មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ឡា​ប៉ា​ខេ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ នៅតែ​បន្ត​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ព្រមទាំង​ឈ្មួញ​ឈ្មោះ ឆុង នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែន​។ លើស​នេះ​ទៅទៀត​លោក សំរិត ណ​យ តែង​ប្រើ​ឈ្មោះ​លោក ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួលបន្ទុក​អន្តោប្រវេសន៍​និង​ប្រើ​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​។បឋម

FB_IMG_1558232404833 F0C2B0E9-3524-4D6A-85CB-6A13BB65D46E