មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្នាក់កា​រ៧០៩ព​ង្រាយកូនចៅ​ដើរប្រមូ​លលុយពី​ក្រុ​មឈ្មួ​ញដឹ​កជញ្ជូនឈើ​ខុសច្បាប់​គ្រប់ច្រកល្ហ​កមានការ​ឃុបឃិត​ពីលោ​កសាន្ត​ ប៊ុនថានមេ​បញ្ជាកា​រកងរា​ជអា​វុធហត្ថ​ខេត្ត​ក្រចេះ

ប្រភពពីក្រុមឈ្មួញ​​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​ស្នាក់ការ​ស​ន្តិ​សុខ​៧០៩ ក្នុងស្រុក​ស្នួល ខេត្តក្រចេះបានដាក់​ពង្រាយ​កូនចៅ​ក្រោម​ឱវាទ​ដើម្បី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក លន់ ប៊ុន​ថុល ហ៊ាន​ដាក់ពង្រាយ​កូនចៅ​គ្រប់​ច្រកល្ហក​ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណែក​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​លោក លន់ ប៊ុន​ថុល ដាក់ពង្រាយ​កម្លាំង​ឲ្យ​គាប​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន និង​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើងជាលំដាប់ ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា សម្រាប់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ គឺ​ត្រូវ​បង់លុយ​ក្នុង​មួយ​ម៉ូតូ​៥០០០០​រៀល ហើយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ត្រូវ​បង់​១០០០០០​រៀល​។ ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ដូចជា​នៅ​ចំណុច​កុងត្រូល​១ ច្រក​១១៥ និង​ច្រក​១២៣ ក៏ដូចជា​ច្រក​៩៩៩ និង​ច្រក​១២៩ តាម​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។ សកម្មភាព​របស់​ឈ្មួញ​ក្នុងការ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក លន់ ប៊ុន​ថុល ហើយ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លន់ ប៊ុន​ថុល បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ទេនោះ​គឺ​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧០៩ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​បន្ត​កើតឡើង​យ៉ាងគំហុក​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមក​ត្ថ​កិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​អាវុធហត្ថ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រុម​គយ​ចល័ត​ជាដើម ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក។(មានត)

58079830_821599848210587_337691094978396160_n 57593704_821599894877249_7902118407296778240_n 293