ឈ្មួញធំៗ​ច្រើននាក់ដឹ​កឈើខុស​ច្បាប់ចេញទៅលក់ស្រុក​យួនតាម​ច្រកទ្វារអន្ត​រជាតិអូ​រយ៉ា​ដាវម៉ា​សេរី

មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ ​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា  ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ  ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ  និង​បក្ខពួក​បាន ​ប្រើប្រាស់​រថយន្ត ​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ មាន​ស្លាក​សញ្ញា​សម្គាល់​អក្សរ​A  ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង ​អនាធិបតេយ្យ​បំផុត​។  តាម​ដងផ្លូវ​ជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង ប៉ុន្តែ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ទាំងនោះ​មិន​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ឡើយ​។ ប្រការនេះ​បង្ហាញថា​វិធានការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​ត្រូវ​បរាជ័យ​ទាំងស្រុង ព្រោះ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ជាច្រើន​នាក់​ដែលមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​នៅតែ​អាច​ដឹកឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​យ៉ាង​គគ្រឹកគគ្រេង​៕

អំឡុង​២​សប្ដាហ៍​កន្លងទៅនេះ​ប្រភពពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ក្បួន​រថយន្ត​ទាំង​ខ្សែៗ​។ ការដែល​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រលូន​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ពី​លោក អន អង្គា​រ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​ផងដែរ​។ ចំណែក​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ប្រមូល​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

មន្ត្រីច្រក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​យួន និង​ឈ្មួញ​ខ្មែរ​បាន​សម្រុក​ដឹកឈើ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដោយ​ប្រើប្រាស់​រថយន្ត​ប្រភេទ​កាមរី​បា​ឡែ​ន ធុនរ៉ា សាំ​យ៉ុង និង​ឡិច​ស៊ី​ស​ជាដើម ហើយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី គឺជា​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ និង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​មួយចំនួន​ទៀតផង​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​ដែលជា​មនុស្ស​ជំនិត​របស់​មន្ត្រីនគរបាល​ពាក់​ផ្កាយ​២​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ដែលមាន​ងារ​ជា​ឧកញ៉ា​ផង​នោះ ក៏​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក៕បឋម​

43 22752120_376680086086291_416191162_n 22773410_376680122752954_1670406233_n