​មេឈ្មួញ​ ម៉ឹក​ សុផាន់ណារ៉េត​ ហៅឧកញ៉ា ​ជ័យដឹកឈើ​សុទ្ធសឹងរថ​យន្តខ្នាត​យក្ស​ទៅលក់​ស្រុក​យួនម៉ាសេរី

ប្រភពពី​សមត្ថកិច្ច​ក្នុងស្រុក​សេសា​ន  ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា  ជ័យ កំពុង​បំពាន ​កាប់​ឈើ​នៅ ក្រៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​ សេសា​ន​ក្រោម​២ ហើយ​ដឹក ​ចូល​បរិវេណ​ទំនប់​វា​រី​អគ្គិសនី​ ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ ស្របច្បាប់ រួច​ដឹកជញ្ជូន​ចេញ ទៅ​ស្រុក​យួន​យ៉ាង​រលូន​។  មួយរយៈ​កន្លងទៅនេះ​មេ​ឈ្មួញ  ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា  ជ័យ ប្រើប្រាស់​ រថយន្ត​យី​ឌុប​ធំៗ​ ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល យ៉ាង​គគ្រឹកគគ្រេង​រហូត​ដល់​មាន​ករណី​រថយន្ត​យី​ឌុប​១​គ្រឿង​ត្រូវ​ក្រឡាប់​នៅលើ​ផ្លូវ​លេខ​៧៤ ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ទៀតផង​។ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ត្រូវបាន​ប្រជាពលរដ្ឋ​ទូទៅ​រិះគន់ថា ហ៊ាន​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដឹកអុស និង​ដឹក​ជន្លង់ម្រេច​ប៉ុណ្ណោះ ចំណែក​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ មិនឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឡើយ។

សមត្ថកិច្ចនិង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ គឺមាន​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឧកញ៉ា ជ័យ បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ហើយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ឈ្មួញ​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ហ៊ាន​ប៉ះពាល់ ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ទទួលផល​ប្រយោជន៍​តិចតួច​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​បាន​ឲ្យ​ដឹងថា កន្លងមក​ក្រោម​យីហោ​ក្រុមហ៊ុន ហួត ម៉េង​រីតា គឺ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ជិត​២០​ឆ្នាំ​ចេញពី​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​ទាំង​២​នេះ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ បច្ចុប្បន្ន​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យ៉ាង​ពេញបន្ទុក ហើយ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅ​សេសសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ហើយ​ឈើ​ដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ទៅ​ស្រុក​យួន​គឺជា​ឈើ​ដែល​កាប់​ចេញពី​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​នៅក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។

car-oknah-leak-1-475x500